កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ៩កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ប្រវែង ២១ គ.ម និងបើកការដ្ឋានសាងសង់ស្ពានបេតុងទាំង៩កន្លែងនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។ ពិធីសម្ពោធស្ពាន ៩ កន្លែងនេះ គឺត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រីសន្ធរប្រមាណជិត ៦ពាន់ នាក់ផងដែរ។ ស្ពានបេតុងទាំង ៩កន្លែងនេះ លាតសន្ធឹងឆ្លងកាត់ឃុំចំនួន ៥ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណ ៦លានដុល្លារអាមេរិក។
«មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវ និងស្ពានត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍន៍ជាតិ និងប្រជាជន ជាពិសេសការចូលរួមដោះស្រាយបញ្ហានៃមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ប្រមាណជាង ២០,២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋដែលបានប្រើប្រាស់ដងផ្លូវនេះអាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ល។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ៩កន្លែងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីនេះ ព្រមទាំងមានប្រសាសន៍ថា៖ “ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពានបេតុងថ្មីទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជន ដែលមានក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គមជាមួយរាជរដ្ឋាភិបាល ជាពិសេសការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។”
គួររំឭកផងដែរ៖ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកស្រីសន្ធរជាច្រើនទៀត រួមមាន៖ ខ្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ល។ ដែលសមិទ្ធផលទាំងអស់នេះគិតជាទឹកប្រាក់សរុបរួមប្រមាណជាង ១៧,៨៨៦,២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែកគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ និងគំនិតដូចសុភាសិតខ្មែរមួយដែលតែងដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹងគុណ ពោលគឺ៖ “ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ”៕