អំពីប៉េង ហួត គ្រុប
អំពីក្រុមហ៊ុន ប៉េង ហួត គ្រុប៖
ក្រុមហ៊ុន ប៉េង ហួត ដែលគេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណីត និងបែបអេកូ គឺកើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ លោក ហៀង ប៊ុនប៉េង និង លោក ថៃ ជាហួត។ នៅឆ្នាំ១៩៩១ ទាំងពីរនាក់បងប្អូនបានចូលធ្វើការងារសំណង់ក្នុងតួនាទីជាអ្នកម៉ៅការសំណង់ មុនពេលដែលឈានជើងចូលប្រឡូកក្នុងអាជីវកម្មជាអ្នកអភិវឌ្ឍអចលនទ្រព្យ។
ទោះជាយ៉ាងណាក៏ដោយ កាលពីក្នុងអំឡុងពេលបោះឆ្នោតនៅឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤ អាជីវកម្មក្រុមហ៊ុនបានជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដោយសារតែការលក់បានធ្លាក់ចុះទាបកាលពីក្នុងអំឡុងពេលនោះ។ នៅក្នុងឆ្នាំ២០០៣ ស្ថានភាពទីផ្សារមានភាពល្អប្រសើរឡើងវិញ ហើយនៅឆ្នាំ២០០៥ បងប្អូនទាំងពីរបានចាប់ដៃគ្នាបង្កើតក្រុមហ៊ុន បុរី ប៉េង ហួត នេះឡើង ហើយបានឈានទៅបណ្តាក់ទុនលើផលិតផលលំដាប់ខ្ពស់បន្ថែមទៀត ដូចជាប្រភេទវីឡាប្រណីតជាដើម។ នៅពេលអាជីវកម្មកាន់តែរីកធំឡើងជាបន្តបន្ទាប់ ក៏មានបងប្អូនបង្កើតផ្សេងទៀតបានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦ ។ ដោយមានចំណង់ចំណូលចិត្តទៅលើភាពទំនើប និងល្អឥតខ្ចោះរបស់ក្រុមគ្រួសារ និងថ្នាក់ដឹកនាំក្រុមហ៊ុន ទើបធ្វើឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានជោគជ័យដូចដែលយើងឃើញមកដល់សព្វថ្ងៃនេះ។