flower

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តជ័យមង្គល ខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមចែករំលែកព័ត៌មាននេះ

Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, Presided Over Inauguration Ceremony of Chey Mongkul Pagoda in Kampong Cham Province

កាលពីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តជ័យមង្គល ហៅវត្តជ្រៃ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចូលរួមកាត់ឫស្សសីមាព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សារភ្ជាប់នឹងគ្នាដោយវិស័យទាំងពីរនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។
មុនពេលអញ្ជើញកាត់ប្ញស្សសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាង វត្តអារាម និងសមិទ្ធិផលនានាជាច្រើននៅក្នុងទឹកដីនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ស្តីពីការសម្រេចឲ្យសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងជាង១៦គីឡូម៉ែត្រតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរដើម្បីជួយសម្រួលដល់ការធ្វើដំណើរជូនពួកគាត់។ ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លារអាមេរិក ហើយលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាអ្នករ៉ាប់រងលើការសាងសង់។

សូមបញ្ជាក់ផងដែរថា៖ វត្តជ័យមង្គល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៤ និងបានឆ្លងកាត់ដំណាក់កាលគ្រប់គ្រងដឹកនាំកសាង ដោយព្រះចៅអធិការច្រើនជំនាន់ តែវត្តជ័យមង្គលនេះក៏មិនខុសពីបណ្តាវត្តផ្សេងៗទូទាំងប្រទេស គឺត្រូវបានឆ្លងកាត់ប្រវត្តិដ៏ជូរជត់ក្នុងសម័យសង្គ្រាមប្រល័យពូជសាសន៍នាឆ្នាំ១៩៧៥ – ១៩៧៩ ដែលបានបផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយបានប្រើប្រាស់ទីវត្តអារាមនេះ ធ្វើជាមន្ទីរឃុំឃំាង និងទីពិឃាតជនស្លូតត្រង់អស់ប្រមាណជាង៣៩៩៧នាក់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀត លោកឧកញ៉ា ថៃ ជាហួត ដែលជាក់ស្តែងលោកឧកញ៉ា មានទីកំណើតក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះផ្ទាល់តែម្តង បានមកដឹកនាំកសាងព្រះវិហារ និងសមិទ្ធផលនានាជាច្រើនដូចជា របង ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវចូលវត្តជ័យមង្គលប្រវែង១១០០ម៉ែត្រ ចាក់បេតុងជុំវិញព្រះវិហារប្រវែង៥០០ម៉ែត្រ ដងទង់ចំនួន២ដើម សួនផ្កាលំអ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡា រហូតឈានដល់ការប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាថ្ងៃនេះ ដែលមានទឹកប្រាក់សរុបចំនួន ១លាន ៤សែន ដុល្លារអាមេរិក។

ក្រៅពីវត្តអារាម លោកឧកញ៉ា ក៏បានចំណាយថវិកាដើម្បីអ៊ុតបេទីមលើផ្លូវបេតុងចាស់ ដោយភ្ជាប់ពីឃុំព្រែកតានង់ ស្រុកកោះសូទិន មកឃុំព្រែករំដេង ស្រុកស្រីសន្ធរមានប្រវែង ៥០០០ម៉ែត្រ សរុបទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ បន្ថែមពីនេះទៅទៀតលោកឧកញ៉ា បានសាងសង់ជាសាលារៀន ដែលមានដូចជា សាលាបឋមសិក្សាព្រែកឪជ្រឹងក ១ខ្នងចំនួន៦បន្ទប់ សាលាតាជីយាយជី ចំនួន១ខ្នង ៩បន្ទប់ នៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ និងអនុវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ក ១ខ្នង ២ជាន់ ១០បន្ទប់ និងអគារទីចាត់ការ ១ខ្នង ហើយបច្ចុប្បន្ននេះបានប្ដូរទៅជាវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ក នៅភូមិស្វាយតានាន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

សមិទ្ធផលទាំងអស់ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានកសាងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨ សរុបជាទឹកប្រាក់អស់ជិត ៤លានដុល្លារអាមេរិក ហើយសមិទ្ធិផលទាំងនេះបានសរបញ្ជាក់ពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គមជាតិ និងការលើកកំពស់វិស័យពុទ្ធសាសនាផងដែរ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

ដើម្បីធ្វើឲ្យពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានរៀបចំឲ្យមានការប្រគុំតន្ត្រីដ៏មហាអស្ចារ្យ ដែលមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀង និងតារាកំប្លែងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងកម្មវិធីសិល្បៈលោ្ខន សម្តែងជូនទស្សនាដោយសេរីនាថ្ងៃទី២៦ ទី២៧ ខែកុម្ភៈ និងថ្ងៃទី០១ ខែមិនា ក៏មានកម្មវិធីសិល្បៈលោ្ខនសម្តែងជូនទស្សនាជាយប់ចុងក្រោយផងដែរ ក្នុងគោលបំណងអោយប្រជាជនក្នុងតំបន់នោះ ទទួលបានភាពសប្បាយរីករាយ៕