flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group Joins to Clean up the Environment on World Clean-up Day in Cambodia

កាលពីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំដោយអង្គការ “Let Do It” និងអង្គការ “Go Green Cambodia” សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងទេសចរណ៍ ដែលបានរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង អង្គការ Let Do It និង អង្គការ Go Green Cambodia តំណាងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងទេសចរណ៍ អ្នកស័្មគ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ប្រមាណជាង ២០០នាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ មានមតិសំណេះសំណាលយ៉ាងដូច្នេះថា “ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួមទាំងអស់គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់កាកសំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយកាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាព និងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសំរាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ស្របពេលជាមួយគ្នានេះដែរ នៅតាមបណ្តាខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ ក៏កំពុងធ្វើយុទ្ធនាការសម្អាតបរិស្ថានផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយបរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ៍”។

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា “ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមកម្មវិធី “ទិវាសម្អាតពិភពលោក” និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើមសហការ និងរៀបចំដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការយល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសំរាម និងសម្អាតទីក្រុង។ លោកគូសបញ្ជាក់បន្ថែមថា ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយ ចាប់តាំងពីដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមានលំហរបៃតងច្រើន ដើមឈើធំៗ និងគ្មានសំរាមដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើនពីក្នុង និងក្រៅប្រទេសផងដែរ។ ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធី “ដាំដើមឈើចំនួន ១៤០០ដើម” ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ពីតំណាងអង្គការ ក្រសួង នឹងដៃគូសហការនានារួចមក ទិវាសម្អាតពិភពលោកនៅកម្ពុជា ត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ហើយលោកបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថានថា “បើយើងមិនបានប្រព្រឹត្តក៏យើងមិនចាំបាច់សម្អាតវាដែរ។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះនឹងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន តភ្ជាប់ជាមួយនឹងបរិស្ថាន។ សំរាមគឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសំរាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខ(សំរាម)”។

បន្ទាប់មកគណអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចូលរួមសម្អាតបរិស្ថាន ប្រមូលសំរាម ដោយបែងចែកជាក្រុម តាមគោលដៅដែលបានបែងចែកជា ១១ទីតាំង ជុំវិញរាជធានីភ្នំពេញ។ ចំណែកឯថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រមាណជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន តាមរយៈពីរគោលដៅ ដោយគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ១ ពីមុខវិទ្យាល័យច្បារអំពៅ ដល់ប៉ូឡារីស អេហ្វ អែន ប៊ី ទល់មុខមន្ទីរពេទ្យជោរៃ និងគោលដៅទី២ នៅបរិវេណក្រសួងបរិស្ថាន។ ក្នុងសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ ដែលកើតចេញពីបញ្ហាសំរាម និងរួមគ្នាសម្អាតបរិស្ថានក្នុងតំបន់ដែលខ្លួនរស់នៅ។

សូមបញ្ជាក់ផងដែរថា៖ ទិវាសម្អាតពិភពលោក បានប្រារព្ធជាផ្លូវការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទូទាំងសកលលោកមានចំនួន ១៥៦ប្រទេស ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមជាង៣៨០លាននាក់ ទូទាំងពិភពលោក ចំណែកប្រជាជនកម្ពុជា ក៏មានការចូលរួមយ៉ាងច្រើនកុះករ ដើម្បីចូលរួមសម្អាតប្រទេសរបស់យើងនៅទូទាំងប្រទេស។ ទិវានេះធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមនៅលើផែនដីនេះ។ ការបោះចោលសំរាមមិនបានត្រឹមត្រូវនេះ មិនគ្រាន់តែធ្វើអោយខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញធនធានសម្រាប់ចិញ្ចឹមជីវិតមនុស្សលើភពផែនដីផងដែរ៕