flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប យកគ្រឿងឧបភោគ បរិភោគចែកជូនពលរដ្ឋ ៣៦០គ្រួសារ ដែលចូលរួមប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group Distributes Food to 360 Families Participating in the Collection of Plastic Waste on the Tonle Sap Lake

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលមាន អង្ករ ត្រីខ និងទឹកស៉ីអ៉ីវ សម្ភារៈម៉ាស និងអាល់កុល ចែកជូនដល់ប្រជាពលរដ្ឋ និងប្រជានេសាទ ចំនួន៣៦០គ្រួសារដែលរស់នៅតាមបណ្ដោយបឹទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

នេះគឺផ្នែកមួយនៃជាកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនដែលបានចូលរួមក្នុងយុទ្ធនាការសំអាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប នារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទៈ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។ ឧបត្ថម្ភដោយក្រុមហ៊ុន ប៉េង ហួត គ្រុប យុទ្ធនាការនេះរៀបចំដោយអង្គការ មូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation) និង មានការសហការចូលរួមពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ព្រមទាំងមានកាចូលរួមពីតំណាងក្រសួង និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀតផងដែរ។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប ប្រចាំរដូវទឹកដំឡើង និងទឹកសម្រកនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្លេះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជា៖ សហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោម។ល។ ក្នុងគោលបំណង់ ឲ្យយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែកទុកដាក់សំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

លោក សាម ឈឿយ ជាមេឃុំកែវពណ៌ បណ្ដែតទឹកនេសាទពាមតាអួរ ស្រុកពួក ខេត្តសៀមរាប បានសំណេះសំណាល ផ្តាំផ្ញើរជាមួយពលរដ្ឋ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

លោកបន្តថា «សូមអរគុណដល់បុរីប៉េងហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ និងបរិភោគដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទ នេះគឺដោយសារតែក្រុមហ៊ុនចាប់អារម្មណ៍ និងគិតគូខ្លាំងដល់បរិស្ថាន ដូច្នេះហើយបានជាខំធ្វើដំណើមកពីភ្នំពេញមកចូលរួមដល់បឹងទន្លេសាបយើងនេះ»។

លោក ចាន់ រដ្ឋា តំនាងក្រុមហ៊ុន ប៉េងហួតគ្រុប បានបង្ហាញនូវចំនាប់អារម្មណ៍ និងសេចក្តីរីករាយ ដែលបានចូលរួមនិងឧបត្ថម្ភដល់កម្មវិធីនេះ។

លោកបន្ថែមថា «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ខណៈដែលបរិស្ថានជាផ្នែកមួយដែលក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ដោយកន្លងមក យើងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានថែរក្សា និងសំអាតបរិស្ថានឲ្យបានល្អដើម្បីចូលរួមជាមួយចលនាភូមិឃុំនិងទីក្រុងស្អាត តាមរយៈការដាំដើមឈើ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក បែងចែក និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ជាពិសេសគំរោងអភិវឌ្ឍលំនៅឋាននីមួយៗ របស់ក្រុមហ៊ុនតែងតែផ្តោតទៅបរិស្ថានស្អាត និងបរិយាកាសរស់នៅល្អ។ សូមបងប្អូនចូលរួម និងចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នាដោយការឈោងដៃរើសសំរាមមួយ និងទុកដាក់ឲ្យបានត្រឹមត្រូវ នោះភូមឃុំ និងទីក្រុងយើងនិងបានស្អាតហើយទាកទាញទេសចរណ៍បានកាន់តែច្រើន»។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ ឧបត្ថម្ភឡានបោសសំរាមដល់ខណ្ឌនានាក្នុងរាជធានីភ្នំពេញ ។ល។

ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទាំងការចូលរួមជាថវិការទិញវ៉ាក់សាំង និង ផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕