កាលពីថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ក្នុងនោះថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការស្បៀងជាចាំបាច់ និងថវិកាចំនួន ៥ម៉ឺនដុល្លារទៀត ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងបេសកកម្មមនុស្សធម៌នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេសកម្ពុជា។
កន្លងមកថ្មីៗនេះដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់បងប្អូនកម្មករជាង ៧០០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករគ្រប់ការដ្ឋានរបស់ក្រុមហ៊ុនក្នុងតំបន់នានាក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្ដិយសបានចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ “ស៊ីណូវ៉ាក់ (Sinovac)” សម្រាប់ដូសទី២ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណជិត ៦០០០នាក់ ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ នៅក្នុងគម្រោងរបស់ខ្លួន “មជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)“។
ចំពោះសកម្មភាពចែករំលែកទាំងអស់នេះ លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានមកទទួលការចាក់វ៉ាក់សាំង និងចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ហើយក៏សូមបន្តចូលរួមអនុវត្តវិធានការ “៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន យើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា”។
កន្លងមកគេសង្កេតឃើញថាក្រុមហ៊ុនមួយនេះតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មមនុស្សធម៌ជួយដល់ប្រជាជន និងសង្គមជាតិគ្រប់កាលៈទេសៈ ៕
ត្រឡប់ក្រោយវិញ