flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group Contributes US $3 Million to Samdech Techo Hun Sen in Covid-19 Vaccine Purchasing Campaign

ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គម។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។ ការបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ បានលើកឡើងថា៖ “ភាពជោគជ័យជាមួយការរីកចម្រើនរបស់ក្រុមហ៊ុនមកទល់នឹងបច្ចុប្បន្ននេះ គឺកើតចេញពីការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនជាដៃគូសហការណ៍ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋាន បងប្អូនកម្មករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើងទាំងអស់ ដែលខិតខំបំពេញការងារជាមួយទឹកចិត្ត និងទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការរីកចម្រើន និងភាពជោគជ័យ ក្រុមហ៊ុនមានសេចក្តីសោមនស្សក្នុងការចែករំលែក ចូលរួមក្នុងកិច្ចការសង្គមនានា ដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង ជាពិសេសគឺដើម្បីឲ្យជីវិតកាន់តែមានន័យ។ ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណអរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងគម្រោងនានារបស់ក្រុមហ៊ុន និងចូលរួមចែករំលែកភាពជោគជ័យរបស់យើងទាំងអស់គ្នាទៅដល់សង្គមវិញ។ សូមចូលរួមរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃជាមួយសប៊ូ ជែល អាល់កុល និងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ-១៩” ។

សូមរំលឹកផងដែរថា៖ កន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក និងតបស្នងទៅសង្គម និងចូលរួមជាមួយរាជរដ្ឋាភិបាលរាល់គ្រប់កាលៈទេសៈដូចជា សាងសង់វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ គ្រោះទឹកជំនន់ និងកូវីដ-១៩។ល ៕