
កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយករថយន្តចំនួន ០២គ្រឿង (រថយន្តបោសសំអាតផ្លូវចំនួន ០១គ្រឿង និងរថយន្តផ្ទុកទឹកចំណុះ ៨,០០០លីត្រ ចំនួន ០១គ្រឿង) សរុបជាថវិកាស្មើនឹង ១៣៥,០០០ (មួយរយសាមសិបប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់ការងារសម្អាតបរិស្ថាន ដើម្បីលើកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន។
ថ្លែងក្នុងពីធីប្រគល់រថយន្ត លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានលើកឡើងថា៖ ”នាងខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានចូលរួមចំនែកអភិវឌ្ឍទីក្រុងស្អាតជាមួយគំរោងអភិវឌ្ឍដែលធំជាងគេរបស់ក្រុមហ៊ុនមកក្នុងខណ្ឌច្បារអំពៅនេះ។ សូមថ្លែងអំណរគុណផងដែរ ដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលតែងតែសហការគាំទ្រ និងជួយសម្រួលដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ជាមួយឡានទាំង ០២គ្រឿងនេះ នាងខ្ញុំសង្ឃឹមថា យើងចូលរួមទាំងអស់គ្នាថែរក្សាបរិស្ថាន និងសំអាតទីក្រុងរបស់យើងឲ្យបានកាន់តែស្អាត។”
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានថ្លៃងអំណរគុណយ៉ាងជ្រាជ្រៅចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅលើផ្នែកកិច្ចការសាធារណៈជាច្រើនដូចជា ការរក្សាសណ្ដាបធ្នាប់សន្តិសុខ ការក៏សាងហេដ្ឋារចនាសម្ព័ន្ធ ការលើកំម្ពស់សោភ័ណភាពបរិស្ថានស្អាត និងការអភិវឌ្ឍធនធាននានា។ល។ ក្នុងគោលបំណងចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធានានូវវឌ្ឍនភាព សណ្ដាប់ធ្នាប់សន្តិសុខសង្គម សោភ័ណភាពទីក្រុងស្អាតរបស់មូលដ្ឋានខណ្ឌច្បារអំពៅ និងប្រជាពលរដ្ឋទាំងអស់គ្នា។
លោកបានបន្ថែមថា៖ ”រថយន្តទាំងពីរគ្រឿងនេះ ពិតជានឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណបរិស្ថាន ការអភិវឌ្ឍទីក្រុងស្អាត ព្រមទាំងចូលរួមអនុវត្តន៍សំអាតការងារអនាម័យ ដើម្បីថែរក្សាបរិស្ថានស្អាតសម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ និងបម្រើដល់ការងារសង្គមផ្សេងៗទៀត៕ ”
ក្នុងថ្ងៃដដែលនេះដែរ តំនាងរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាននាំយកនូវអង្ករចំនួន ៥០តោន ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួល និងសង្គ្រោះដល់បងប្អូនបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ ៕