flower

ក្នុងឱកាសទិវានៃក្តីស្រលាញ់ ក្រុមហ៊ុនប៉េងហួតគ្រុបបានដឹកនាំបុគ្គលិកចូលរួមកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថាននិងដាំដើមឈើនៅភ្នំគូលែន

សូមចែករំលែកព័ត៌មាននេះ

To celebrate Valentine's Day, Peng Huoth Group led its Staff to join "Kulen Mountain Trek-Run", the First-Ever Eco Trek Run to Plant Trees

ដើម្បីអបអរទិវានៃក្តីស្រលាញ់ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះបរិស្ថាន កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានដឹកនាំក្រុមការងារចូលរួមកម្មវិធី “រត់ប្រណាំងឡើងលើភ្នំគូលែន” ដែលជាកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង រៀបចំឡើងដោយក្រុមហ៊ុន Green G8 Co.,Ltd ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាគ្មានសម្រាមប្លាស្ទិក ផ្សព្វផ្សាយរមណីយដ្ឋានភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់ការដាំដើមឈើនៅក្នុងរមណីយដ្ឋានទេសចរណ៍ភ្នំគូលែនផងដែរ ។

កិច្ចគាំពារបរិស្ថាន និងភាពជាទំនួលខុសត្រូវនៃបរិស្ថានគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ ដូច្នេះក្រៅពីការចូលរួមសកម្មភាពដូចជា ការដាំកូនឈើ ការរើសសំរាមតាមដងទន្លេរសាប ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិអោយបានត្រឹមត្រូវ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏ចូលរួមកម្មវិធីរត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូង ដែលកម្មវិធីនេះបានចូលរួមចំណែកគាំទ្រ និងលើកកម្ពស់បរិស្ថាន និងតំបន់ទេសចរណ៍ តួរយ៉ាងនៅតំបន់ទេសចរណ៍រមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” គឺជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ ដែលមានតួនាទីសំខាន់ក្នុងការក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ ព្រមទាំងជាតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិបានជាច្រើនផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសកម្មវិធី “រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងលើភ្នំគូលែន” នេះ ឯកឧត្តម សេង សុទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន របស់ ក្រសួងបរិស្ថាន បានមានមាតិសំណេះសំណាលស្វាគមន៍ និងបានលើកឡើងថា៖ “ព្រឹត្តិការណ៍រត់ប្រណាំងឡើងលើភ្នំគូលែននេះ មិនត្រឹមតែជាកម្មវិធីរត់ប្រណាំងកម្សាន្តនោះទេ ប៉ុន្តែព្រឹត្តិការណ៍មួយនេះ គឺមានសារសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនបែបយ៉ាងដល់សង្គមជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាពេលនេះ។

ឯកឧត្តម បានបន្តរថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាទីតាំងធម្មជាតិដ៏មានសារសំខាន់មួយ ដែលបាន លាក់ទុកនូវអាថ៌កំបាំងជាច្រើននៃប្រវត្តិសាស្ត្រសម័យអង្គរ និងមានតួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់សៀមរាប-អង្គរ ផងដែរ។ កន្លងមក ភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិម្តងរួចមកហើយ ដោយព្រះរាជាក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបន្ទាប់មកនៅឆ្នាំ១៩៩៣ ភ្នំគូលែន ក៏ត្រូវបានកំណត់ជាតំបន់ការពារធម្មជាតិម្តងទៀត ដោយព្រះរាជក្រឹត្យ ដែលបានដាក់ឈ្មោះតំបន់នេះថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមបញ្ជាក់ជូនអង្គពិធីទាំងមូលឱ្យបានជ្រាបផងដែរថា ឯឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ តែងបានយកចិត្តទុកដាក់មិនត្រឹមតែលើការងារថែរក្សា និងការពារធនធាន ធម្មជាតិ ការដាំស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវៈចម្រុះ និងការថែរក្សាអនាម័យបរិស្ថានប៉ុណ្ណោះទេ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបានយកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងការលើក កម្ពស់សុខុមាលភាពសាធារណៈផងដែរ។ ហេតុនេះ កម្មវិធីរត់ប្រណាំងកំសាន្ត ដែលនឹងចាប់ផ្តើម នាពេលបន្តិចទៀតនេះ ពិតជាបានចូលរួមចំណែកស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីរត់ប្រណាំងកំសាន្ត នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាថ្ងៃនេះ នឹងបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកទាំងមូលនូវសារដ៏មានសារសំខាន់មួយគឺ ការមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងនឹងធ្វើការ ផ្សព្វផ្សាយដល់ប្រជាជនខ្មែរគ្រប់រូបឱ្យចូលរួមស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ថែរក្សាអនាម័យបរិស្ថាន (គ្មានថង់ប្លាស្ទិក គ្មានសំរាម) និងបង្កើនការធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាន ឬតំបន់ការពារធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ អាជ្ញាធរដែនដី និងមន្ទីរបរិស្ថានខេត្តសៀមរាប ម្ចាស់កម្មវិធី Green G8 Co.,Ltd ព្រមទាំងម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះទាំងអស់ ដែលរៀបចំ ផ្តល់ការគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការល្អជាមួយក្រុមការងាររបស់ ក្រុមហ៊ុន Green G8 ដែលរៀបចំកម្មវិធីនេះឡើង និងធ្វើឱ្យព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តដ៏មានសារសំខាន់នេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

Sek Sakol, [2/14/2022 8:49 AM]
លោក លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានមានមាតិសំណេះសំណាល់ប្រកបដោយភាពសប្បាយរីករាយផងដែរថា៖ “ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានកិត្តិយសដែលបានដឹកនាំបុគ្គលិកចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងចូលរួមចំណែកឧបត្ថម្ភក្នុងព្រឹត្តិការណ៍រត់ប្រណាំងមេត្រីភាពបរិស្ថានលើកដំបូងនេះ ជាពិសេសគឺព្រឹត្តិការណ៍នេះ គឺស្របទៅនឹងទស្សនទានរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបរិស្ថាន និងគិតគូរការដាំកូនឈើ និងការអភិរក្សដើមឈើមសឹងតែគ្រប់គម្រោងអភិវឌ្ឍរបស់ខ្លួនទាំងបច្ចុប្បន្ន និងនាថ្ងៃអនាគត់។ល។” លោកបន្ថែមថា គ្រប់គ្នានៅពេលមកឃើញពីទិដ្ឋាភាពបរិស្ថានបៃតងដែលស្ថិតនៅក្នុងទឹកដីរមណីយដ្ឋានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» គឺមានអារម្មណ៍ស្រស់ស្រាយ។ បរិស្ថានគឺជាជីវិតរបស់យើងទាំងអស់គ្នា ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាមិនអាចមើលរំលងបានទេ ហើយយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះកាលណាបើសហគមន៍របស់យើងមានបរិស្ថានល្អ វានឹងទាក់ទាញទេសចរណ៍ ហើយនិងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ដូច្នេះ សូមចូលរួមថែរក្សា និងការពារទាំងអស់គ្នា។”

បន្ទាប់ពីការមានមាតិសំណេះសំណាលមកពីតំណាំងក្រសួងបរិស្ថាន ម្ចាស់កម្មវិធី និងម្ចាស់ឧបត្ថម្ភកម្មវិធីរបស់ក្រុម ប៉េង ហួត គ្រុប រួចមកកម្មវិធីរត់ប្រណាំងបានចាប់ផ្ដើម ដែក្នុងនោះមានការចូលរួមពីបេក្ខជនរត់ប្រណាំងទាំងជាតិ និងបរទេស ជាច្រើននាក់ បានរត់ប្រណាំងគ្នាប្រកបទៅដោយភាពសប្បាយរីករាយ ជាមួយទិដ្ឋាភាពធម្មជាតិបៃតង និងព្រៃព្រឹក្សាដ៏ស្រស់បំព្រងតាមជ្រលង់ភ្នំគូលែនតាំពីទីតាំងចាប់ផ្ដើម រហូតដល់ទីតាំងបញ្ចប់ការរត់ប្រណាំង។

សូមរឹកផងដែរថា ទាក់ទងទៅនិងព្រឹត្តិការណ៍មេត្រីភាពបរិស្ថាននេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់ចូលរួមសហការជាមួយក្រសួងបរិស្ថាន និងអង្គការ ក្រុមហ៊ុនឯកជនផ្សេងជាច្រើន ដែលក្នុងនោះក្រុមហ៊ុនធ្លាប់បានទទួល “បណ្ណសរសើរមេត្រីភាពបរិស្ថាន” ជាច្រើនដងពីក្រសួងបរិស្ថាន ដែលជាលទ្ធផលនៃការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ៕