562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

Blog

11 Jul
ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះអប់រំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោង “ផ្ដើមពីយើង”

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះអប់រំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោង “ផ្ដើមពីយើង”

កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះអប់រំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោង “ផ្ដើមពីយើង” ក្រោមវត្តមានរបស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្តាផ្លាទីនីម (បឹងស្នោរ) ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះផ្ដោតសំខាន់ទៅលើការចូលរួមលើកកម្ពស់បរិស្ថាន ជាពិសេសការបែងចែកនិងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ (សំណល់ផ្ទះបាយ សំណល់ប្លាស្ទិក សំណល់គ្រោះថ្នាក់)។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំឬរុក្ខជាតិផ្សេងទៀតបាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ប៉េង ហួត មានក្ដីរំភើប និងពេញចិត្តក្នុងការចូលរួមបែងចែកសំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារ ហើយយើងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាទាំងអស់ចូលរួមថែរក្សាបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចាប់ផ្ដើមរៀបចំទុកដាក់បែងចែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានឱ្យកាន់តែល្អ ស្អាតបន្ថែមទៀត។

19 Jun
ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិកដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិកដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន១០ម៉ឺនដុល្លារសំរាប់ឆ្នាំ២០១៩ និង១០ម៉ឺនដុល្លារទៀតសំរាប់ឆ្នាំ២០២០ ដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជានៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្នុងពិធីប្រគល់-ទទួលនេះ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកស្រីអគ្គនាយិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ចំពោះទឹកចិត្តសប្បុរសធម៌ ក្នុងការបរិច្ចាគជាប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមតែមួយគត់គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក និងកុមារ នៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុស និងផ្សព្វផ្សាយចលនាមនុស្សធម៌ និងកៀរគរអំណោយ ឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ ពីគ្រប់ប្រភពស្របច្បាប់នានា ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យកុមារដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងផ្តល់សេវាពិនិត្យ និងព្យាបាលកុមារចំនួនប្រមាណ ២០០០ នាក់ ក្នុងមួយថ្ងៃ ដោយឥតគិតថ្លៃ៕

14 Feb
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទិវានៃក្ដីស្រលាញ់ និងការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់ជរា ក្រីក្រ ទុរគ៌ត

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទិវានៃក្ដីស្រលាញ់ និងការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់ជរា ក្រីក្រ ទុរគ៌ត

កាលពីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទិវានៃក្ដីស្រលាញ់ និងការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់ជរា ក្រីក្រ ទុរគ៌ត ប្រមាណ ៤០០នាក់ ដែលរៀបចំ ដោយសមាគមមនុស្សចាស់ភ្នំពេញថ្មី សមាគមវ៉ាយអឹមស៊ីអេ (YMCA) កម្ពុជា និងវ៉ាយមេនក្លឹប (Y’S MEN CLUB) រៀបចំឡើងនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង សមាគមមនុស្សចាស់នៅភូមិភ្នំពេញថ្មី សមាគមវ៉ាយអឹមស៊ីអេ (YMCA) កម្ពុជា និងវ៉ាយមេនក្លឹប (Y’S MEN CLUB) អ្នកចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ច្រើននាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ លោកឈីវ ឡូញ ប្រធានសមាគមមនុស្សនៅភូមិភ្នំពេញថ្មី មានមតិសំណេះសំណាលយ៉ាងដូច្នេះថា៖ សមាគមមនុស្សចាស់ភ្នំពេញថ្មីបានចាប់កំណើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដែលបានបង្កើតឡើងដោយសមាគមវ៉ាយអឹមស៊ីអេ (YMCA)។ នៅដើមដំបូង សមាគមមនុស្សចាស់យើងខ្ញុំមានសមាជិកចំនួន ៣៨  ក្នុងនោះមានសមាជិកជាស្រ្ដីចំនួន ២៧នាក់ និងបុរសចំនួន ១១នាក់ មានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ។ ចាប់ពី ខែតុលា ឆ្នាំ២០១៩ រហូតមកដល់ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមាគមមនុស្សចាស់យើងខ្ញុំមានសមាជិកទាំងអស់ចំនួន ១៨០នាក់ ប្រុស ៦១នាក់ ស្រ្ដីចំនួន ១១៩នាក់។

គោលបំណងនៃការបង្កើតកម្មវិធីនៃសេចក្ដីស្រលាញ់ ១៤កុម្ភៈ ព្រមទាំងទទួលទានអាហារសាមគ្គី នាព្រឹកនេះគឺចង់បង្កើន សេចក្ដីស្រលាញ់ និងរឹតចំណងទាក់ទងគ្នារវាងមនុស្សចាស់ និងមនុស្សចាស់ ហើយនិងអន្តរជំនាន់ ព្រមទាំងចង់បង្កើនសាមគ្គីភាពជាមួយគ្នាឲ្យកាន់តែស្អិតរមួត ជួយដល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យសមាគមមនុស្សចាស់របស់យើង មានការលូតលាស់រីកចម្រើនរុងរឿងជាភិយ្យោភាពតទៅមុខទៀត ជាងនេះទៅទៀត ចង់ធ្វើការផ្សព្វផ្សាយពីសម្លេងមនុស្សចាស់របស់យើងឲ្យបានទូលំទូលាយ និងសុំឲ្យមានការយកចិត្តទុកដាក់ ជួយផ្ដល់ការគាំពារដល់មនុស្សចាស់គ្រប់រូប ធ្វើយ៉ាងណាឲ្យពួកយើងខ្ញុំជាមនុស្សចាស់ទាំងអស់គ្នារស់នៅមានជីវភាពល្អប្រសើរ។

លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ “ស្របតាមគោលនយោបាយជាតិគាំពារមនុស្សចាស់ និងតាមទិសដៅការងារសង្គមរបស់ក្រុមហ៊ុនដែលផ្ដោតលើការលើកកម្ពស់ បរិស្ថាន ការអប់រំ សុខមាលភាពសង្គម និងវប្បធម៌ នេះជាលើកទី២ ដែលក្រុមហ៊ុនបានចូលរួមកម្មវិធីជាមួយសមាគមមនុស្សចាស់ ដើម្បីចែករំលែក ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ និងក្ដីស្រលាញ់ដល់ចាស់ជរា។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចម្រើនរហូតមកដល់សព្វថ្ងៃ ក្រុមហ៊ុនបានចូលរួមការងារសង្គមយ៉ាងសកម្ម និងចាត់ទុកថា ការចូលរួមការងារសង្គម ការចែករំលែក ជាផ្នែកមួយសំខាន់នៃការរីកចម្រើន និងអភិវឌ្ឍក្រុមហ៊ុនផងដែរ។”

ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថា ពីតំណាងសមាគមនុស្សចាស់ អភិបាលខណ្ឌសែនសុខ ក្រុមប្រឹក្សាសង្កាត់ ក្រុមហ៊ុន ប៉េង ហួត និងដៃគូសហការនានា រួចមក ពិធីតំណាងឲ្យទិវានៃសេចក្ដីស្រលាញ់ និងការពិសាអាហារសាមគ្គី ត្រូវបានប្រារព្ធឡើង។ បន្ទាប់មកបុគ្គលិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដៃគូសហការនានា ព្រមទាំងអ្នកចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចែកអំណោយដល់ចាស់ជរា តាមការរៀបចំរបស់ខ្លួន ដោយក្នុងនោះក្រុមហ៊ុន ប៉េង ហួត គ្រុប បានចែកជូនជាអំណោយរួមមានដូចជា៖ អង្ករ ទឹកស៊ីអ៊ីវ ប្រេងខ្យល់ ប្រេងកូឡា និងថ្នាំសង្កូវផ្សេងៗ។ល។។ ក្នុងនោះសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់យុវវ័យ ប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីការចែករំលែក ភាពកក់ក្តៅ សេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ចំពោះ គ្រួសារ មិ្តភ័ក្រ្ភ ចាស់ជរា ក្រីក្រ ទុរគ៌ត និងរួមគ្នាគាំពារចាស់ជរាគ្រប់រូបតាមដែរអាចធ្វើទៅបាន។

10 Feb
សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ”

សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ”

សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង១១:៣០ ព្រឹក។

ក្នុងសិក្ខាសាលានេះផងដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា  ដែលនឹង ធ្វើបទបង្ហាញពីវិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និង ភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា កាលពីក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹង ចំនួន៤ ដងរួចមកហើយ​ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយ ជាមាតាបិតាដ៏អស្ចារ្យ”​នេះ ជាសិក្ខាសាលាលើកទី៥ ផងដែរ ដូច្នេះហើយ សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន អោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789  ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/3Pzb5GdAFH9iPR5y5

')}

16 Jul
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌នាវត្ត…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌នាវត្តមហាមន្ត្រី ក្នុងឱកាសបុណ្យចូលព្រះវស្សា

ក្នុងនាមជាសាសនិក សាសនិកា កាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធី ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌ក្នុងឱកាសបុណ្យចូលព្រះវស្សា។

នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងលោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូប បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកគង់ចាំព្រះវស្សានិងសិក្សាព្រះធម៌ ក្នុងវត្តមហាមន្ត្រី ចំនួន ២០០អង្គ។ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយ:ពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុក វីឡា នាយកធនធានមនុស្សបានគូសបញ្ជាក់ថា ក្នុងឱកាសថ្ងៃទី១នៃថ្ងៃចូលព្រះវស្សានេះ ក្រុមហ៊ុន ប៉េងហួតគ្រុប មានសេចក្តីសោមនស្សរីករាយនឹងដឹកនាំក្រុមការងាររបស់ ក្រុមហ៊ុន មកចែករំលែក និង ប្រគេន ទេយ្យទាន ដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានាដែលមកសិក្សាព្រះធ៌មនៅវត្តមហាមន្ត្រី។

លោកនាយកធនធានមនុស្សបានបញ្ជាក់ទៀតថា កន្លងមក ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ចែករំលែក ក្តីសុខ ក្តីសង្ឃឹមដល់បងប្អូន។ ជាក់ស្តែង កាលពីឆ្នាំមុន ក្រុមហ៊ុនបានសាងសង់ព្រះវិហារ ផ្លូវថ្នល់ផងដែរ។ល។ ប៉េង ហួត គ្រុប ដែលមាននិស្ស័យជាមួយព្រះពុទ្ធសាសនា សង្ឃឹម និង ចង់ឃើញការីកចម្រើនក្នុងវិស័យនេះ ព្រមទាំង សង្ឃឹមថានឹងមានពុទ្ធបរិស័ទ្ធយើងចូលរួមកាន់តែច្រើន។

បន្ទាប់មក តំណាងថា្នក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ២០០ អង្គ ក្នុងមួយអង្គៗទទួលបានសម្ភារៈសិក្សា ថ្នាំសង្កូវ ប្រេងកូឡា ថ្នាំនិងច្រាសដុះធ្មេញ និងប្រគេនវត្តមហាមន្ត្រី នូវ បច្ច័យចំនួន៤លានរៀល ទៀនវស្សា ០១គូ អង្ករ ០១តោន ទឹកផ្លែឈើ ១០កេស ប្រេងកូឡា ៦០ប្រអប់ ទឹកសុទ្ធ១០០យួរ និងថ្នាំសង្កូវ១០ប្រអប់ ។ ដោយឡែកដើម្បីគាំទ្រ និងលើកស្ទួយដល់កម្មវិធីវិទ្យុផ្សព្វផ្សាយព្រះធម៌ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគេនបច្ច័យចំនួន ៤លានរៀលផងដែរ។

')}

22 Jun
ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការឧបត្ថម្ភ និង ចូលរួមក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ…

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការឧបត្ថម្ភ និង ចូលរួមក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន រាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ បានប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ហួត ហៃ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី បុគ្គលិក ក្រុមហ៊ុន ប៉េង ហួត គ្រុប សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាជ្ញាធរ ប្រមាណជាង ៤០០នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត រួមជាមួយ ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីប្រកបដោយខ្លឹមសារនិងអត្ថន័យ បំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសំរាម ការបំពុលខ្យល់ និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លួនរស់នៅ។

ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថារូចមក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណ ដល់ លោក ចាន់ រដ្ឋា ជំនួយការអគ្គនាយក និង លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមសហការឧបត្ថម្ភជា សំភារៈសិក្សាមួយចំនួនរួមមាន សៀវភៅសរសេរ ប៊ិច ទឹកបរិសុទ្ធ និងធុងសំរាមចំនួន៥០ធុង ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងទុកដាក់សំរាមអោយបានល្អ ទៅដល់សិស្សានុសិស្ស វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ។

បន្ទាប់មក គណអធីបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តប្រមាណជាជាង៤០០នាក់ បានចូលរួមដាំដើមឈើចំនួន៣០០ដើម ក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីសោភ័ណភាពស្រស់បំព្រងនៃធម្មជាតិពណ៍បៃតង។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួម ក្នុងទិវាសំអាតពិភពលោក ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមនៅលើផែនដីនេះ និងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ ឆ្នាំមុន ក្នុងទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនេះដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ។

')}

07 Jun
ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់…

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកា សម្រាប់ព្រះរាជកិច្ចមនុស្សធម៌

នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។

លោកឧកញ៉ា ថៃ ជាហួត បានថ្វាយតង្វាយជាថវិកា ចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌ តាមសព្វព្រះហឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំនិងក្រុមការងារ ប៉េងហួតគ្រុប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

')}

17 May
ក្រុមហ៊ុនកូនខ្មែរមួយ តំណាងកម្ពុជាទទួលបានពានរង្វាន់១០ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ…

ក្រុមហ៊ុនកូនខ្មែរមួយ តំណាងកម្ពុជាទទួលបានពានរង្វាន់១០ ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

ក្រុមហ៊ុនកូនខ្មែរមួយតំណាងប្រទេសកម្ពុជា បង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Property Awards) ដោយទទួលបានពានរង្វាន់រហូតដល់១០ ពានរង្វាន់ ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ» ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភីពានរង្វាន់៧ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៤ កន្លងទៅថ្មីៗនេះ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាព តំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ក្នុងថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើងដោយក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំល្បីៗ ពី២៧ប្រទេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀត ដោយបានទទួលជ័យលាភី ពានរង្វាន់ចំនួន១០ ដែលក្នុងនោះមាន៖

* ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ប្រទេស ចំនួន២៖

ទី១៖ ពានរង្វាន់ស្ថាបត្យកម្មឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគារសេវាកម្មសាធារណ សាលសន្និបាតយូរ៉ូវីល

* ពានរង្វាន់ជ័យលាភីលំដាប់ផ្កាយ៥ ចំនួន៥៖
ទី១៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងការិយាល័យលក់
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
ទី៣៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូ វីឡាឃីង
ទី៤៖ ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល
ទី៥៖ ពានរង្វាន់អភិវឌ្ឍគំរោងលំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម

* ពានរង្វាន់ជ័យលាភីអាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ចំនួន៣៖
ទី១៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
ទី២៖ ពានរង្វាន់ឌីហ្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល
ទី៣៖ ពានរង្វាន់អភិវឌ្ឍអគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធ ដែលធ្វើឱ្យប្រទេសកម្ពុជា កាន់តែលេចធ្លោលើឆាកអន្តរជាតិ ឱ្យឃើញពីស្នាដៃកូនខ្មែរមិនចាញ់ប្រទេសក្នងតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ ក្នុងការប្រកួតប្រជែងគម្រោងអភិវឌ្ឍធំៗ និងការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងការទទួលបានជ័យលាភីពានរង្វាន់សរុបចំនួន ១០នេះ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធិផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រ ជារៀងរហូតមក៕

')}

09 May
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធកម្មវិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៦ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។​

នៅក្នុងកម្មវិធីប្រចាំឆ្នំា នាថ្ងៃនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសប្បុរសជន ជាតិ អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធិផលសម្រេចបាន និងធ្វើការប្រមូល មូលនិធិដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថមជាថវិកាចំនួន១០ម៉ឺនដុល្លារ ដើម្បីជាការគាំទ្រ និងចូលរួមចំណែក ជូនដល់កាកបាទក្រហមកម្ពុជា ក្នងការបន្តប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុត នៅតាមសហគមន៍ ជនបទ នានា អោយទាន់ពេលវេលា និងតម្រូវការចាំបាច់ផងដែរ ។

ជាការពិតណាស់ ទង្វើជួយដល់សង្គមទាំងអស់នេះ អាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបភាពលំបាក ទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពី រាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែបានបរិច្ចាគថវិកាជូនដល់ កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌ក្នុងសង្គមផ្សេងៗទៀតជាច្រើន ដូចជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បានចែកសម្ភារសិក្សាជូនសិស្សានុសិស្សដែលជួបការខ្វះខាត ស្ថាបនាផ្លូវមួយខ្សែប្រវែង១៦គីឡូម៉ែត្រក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបង្កើតកម្មវិធីដាំដើមឈើ សាងសង់សាលារៀន និងព្រះវិហារថែមទៀតផង។ ជាការពិតណាស់ ទង្វើរជួយដល់សង្គមទាំងអស់នេះ ក្រុមហ៊ុនប៉េង ហួត  គ្រុប បានយកចិត្តទុកដាក់និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ។

')}

19 Sep
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

កាលពីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំ ដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង អង្គការLet Do It និង អង្គការ Go Green Cambodia តំណាងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងទេសចរណ៍ អ្នកស័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ប្រមាណជាជាង ២០០ នាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ មានមតិសំណេះសំណាលយ៉ាងដូច្នេះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។  ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។ លោកគូសបញ្ជាក់បន្ថែមថា ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យ វែងឆ្ងាយ ចាប់តាំងពី ដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមាន លំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសម្រាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស។ ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ពីតំណាងអង្គការ ក្រសួង នឹងដៃគូសហការនានា រួចមក ទិវាសម្អាតពិភពលោកនៅកម្ពុជា ត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ហើយលោកបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថានថា​ បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន ។ សម្រាមគឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខ(សម្រាម)

បន្ទាប់មកគណអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចូលរួមសម្អាតបរិស្ថាន ប្រមូលសម្រាម ដោយបែងចែកជាក្រុម តាមគោលដៅដែលបានបែងចែកជា១១ទីតាំង ជុំវិញរាជធានីភ្នំពេញ។ ចំណែកឯ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រមាណជាជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន តាមរយៈពីរគោលដៅ ដោយគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ១ ពីមុខវិទ្យាល័យច្បារអំពៅ ដល់ប៉ូឡារីស អេហ្វ អែន ប៊ី ទល់មុខមន្ទីរពេទ្យជោរៃ និងគោលដៅទី២ នៅបរិវេណក្រសួងបរិស្ថាន។ ក្នុងសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសម្រាម និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លូនរស់នៅ។

សូមបញ្ជាក់ផងដែរថាទិវាសម្អាតពិភពលោក បានប្រារព្ធជាផ្លូវការ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទូទាំងសកលលោកមានចំនួន១៥៦ប្រទេស ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមជាង៣៨០លាននាក់ទូទាំងពិភពលោក ចំណែកប្រជាជនកម្ពុជា ក៏មានការចូលរួម យ៉ាងច្រើនកុះករចូលរួមសម្អាតប្រទេសរបស់យើងនៅទូទាំងប្រទេស។ ទិវានេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសម្រាមនៅលើផែនដីនេះ។ ការបោះចោលសម្រាមមិនបានត្រឹមត្រូវនេះ មិនគ្រាន់តែធ្វើអោយខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញធនធានសម្រាប់ចិញ្ចឹមជីវិតមនុស្សលើភពផែនដីផងដែរ។