562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

Blog

16 Jul
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌នាវត្ត…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌នាវត្តមហាមន្ត្រី ក្នុងឱកាសបុណ្យចូលព្រះវស្សា

ក្នុងនាមជាសាសនិក សាសនិកា កាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធី ប្រគេនទេយ្យទានដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកសិក្សាព្រះធម៌ក្នុងឱកាសបុណ្យចូលព្រះវស្សា។

នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងលោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាច្រើនរូប បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានា មកគង់ចាំព្រះវស្សានិងសិក្សាព្រះធម៌ ក្នុងវត្តមហាមន្ត្រី ចំនួន ២០០អង្គ។ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយ:ពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អ៊ុក វីឡា នាយកធនធានមនុស្សបានគូសបញ្ជាក់ថា ក្នុងឱកាសថ្ងៃទី១នៃថ្ងៃចូលព្រះវស្សានេះ ក្រុមហ៊ុន ប៉េងហួតគ្រុប មានសេចក្តីសោមនស្សរីករាយនឹងដឹកនាំក្រុមការងាររបស់ ក្រុមហ៊ុន មកចែករំលែក និង ប្រគេន ទេយ្យទាន ដល់ព្រះសង្ឃនិមន្តមកពីបណ្តាខេត្តនានាដែលមកសិក្សាព្រះធ៌មនៅវត្តមហាមន្ត្រី។

លោកនាយកធនធានមនុស្សបានបញ្ជាក់ទៀតថា កន្លងមក ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ចែករំលែក ក្តីសុខ ក្តីសង្ឃឹមដល់បងប្អូន។ ជាក់ស្តែង កាលពីឆ្នាំមុន ក្រុមហ៊ុនបានសាងសង់ព្រះវិហារ ផ្លូវថ្នល់ផងដែរ។ល។ ប៉េង ហួត គ្រុប ដែលមាននិស្ស័យជាមួយព្រះពុទ្ធសាសនា សង្ឃឹម និង ចង់ឃើញការីកចម្រើនក្នុងវិស័យនេះ ព្រមទាំង សង្ឃឹមថានឹងមានពុទ្ធបរិស័ទ្ធយើងចូលរួមកាន់តែច្រើន។

បន្ទាប់មក តំណាងថា្នក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ២០០ អង្គ ក្នុងមួយអង្គៗទទួលបានសម្ភារៈសិក្សា ថ្នាំសង្កូវ ប្រេងកូឡា ថ្នាំនិងច្រាសដុះធ្មេញ និងប្រគេនវត្តមហាមន្ត្រី នូវ បច្ច័យចំនួន៤លានរៀល ទៀនវស្សា ០១គូ អង្ករ ០១តោន ទឹកផ្លែឈើ ១០កេស ប្រេងកូឡា ៦០ប្រអប់ ទឹកសុទ្ធ១០០យួរ និងថ្នាំសង្កូវ១០ប្រអប់ ។ ដោយឡែកដើម្បីគាំទ្រ និងលើកស្ទួយដល់កម្មវិធីវិទ្យុផ្សព្វផ្សាយព្រះធម៌ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគេនបច្ច័យចំនួន ៤លានរៀលផងដែរ។

')}

22 Jun
ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការឧបត្ថម្ភ និង ចូលរួមក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ…

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការឧបត្ថម្ភ និង ចូលរួមក្នុងទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន រាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ បានប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ហួត ហៃ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី បុគ្គលិក ក្រុមហ៊ុន ប៉េង ហួត គ្រុប សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាជ្ញាធរ ប្រមាណជាង ៤០០នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត រួមជាមួយ ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីប្រកបដោយខ្លឹមសារនិងអត្ថន័យ បំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសំរាម ការបំពុលខ្យល់ និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លួនរស់នៅ។

ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថារូចមក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណ ដល់ លោក ចាន់ រដ្ឋា ជំនួយការអគ្គនាយក និង លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមសហការឧបត្ថម្ភជា សំភារៈសិក្សាមួយចំនួនរួមមាន សៀវភៅសរសេរ ប៊ិច ទឹកបរិសុទ្ធ និងធុងសំរាមចំនួន៥០ធុង ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងទុកដាក់សំរាមអោយបានល្អ ទៅដល់សិស្សានុសិស្ស វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ។

បន្ទាប់មក គណអធីបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តប្រមាណជាជាង៤០០នាក់ បានចូលរួមដាំដើមឈើចំនួន៣០០ដើម ក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីសោភ័ណភាពស្រស់បំព្រងនៃធម្មជាតិពណ៍បៃតង។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួម ក្នុងទិវាសំអាតពិភពលោក ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមនៅលើផែនដីនេះ និងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៨ ឆ្នាំមុន ក្នុងទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនេះដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ។

')}

07 Jun
ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់…

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកា សម្រាប់ព្រះរាជកិច្ចមនុស្សធម៌

នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។

លោកឧកញ៉ា ថៃ ជាហួត បានថ្វាយតង្វាយជាថវិកា ចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌ តាមសព្វព្រះហឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំនិងក្រុមការងារ ប៉េងហួតគ្រុប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

')}

09 May
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធកម្មវិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៦ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។​

នៅក្នុងកម្មវិធីប្រចាំឆ្នំា នាថ្ងៃនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសប្បុរសជន ជាតិ អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។ ទិវានេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធិផលសម្រេចបាន និងធ្វើការប្រមូល មូលនិធិដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថមជាថវិកាចំនួន១០ម៉ឺនដុល្លារ ដើម្បីជាការគាំទ្រ និងចូលរួមចំណែក ជូនដល់កាកបាទក្រហមកម្ពុជា ក្នងការបន្តប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុត នៅតាមសហគមន៍ ជនបទ នានា អោយទាន់ពេលវេលា និងតម្រូវការចាំបាច់ផងដែរ ។

ជាការពិតណាស់ ទង្វើជួយដល់សង្គមទាំងអស់នេះ អាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបភាពលំបាក ទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពី រាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែបានបរិច្ចាគថវិកាជូនដល់ កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌ក្នុងសង្គមផ្សេងៗទៀតជាច្រើន ដូចជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បានចែកសម្ភារសិក្សាជូនសិស្សានុសិស្សដែលជួបការខ្វះខាត ស្ថាបនាផ្លូវមួយខ្សែប្រវែង១៦គីឡូម៉ែត្រក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបង្កើតកម្មវិធីដាំដើមឈើ សាងសង់សាលារៀន និងព្រះវិហារថែមទៀតផង។ ជាការពិតណាស់ ទង្វើរជួយដល់សង្គមទាំងអស់នេះ ក្រុមហ៊ុនប៉េង ហួត  គ្រុប បានយកចិត្តទុកដាក់និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ។

')}

19 Sep
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

កាលពីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំ ដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង អង្គការLet Do It និង អង្គការ Go Green Cambodia តំណាងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងទេសចរណ៍ អ្នកស័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ប្រមាណជាជាង ២០០ នាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ មានមតិសំណេះសំណាលយ៉ាងដូច្នេះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។  ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។ លោកគូសបញ្ជាក់បន្ថែមថា ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យ វែងឆ្ងាយ ចាប់តាំងពី ដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមាន លំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសម្រាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស។ ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ពីតំណាងអង្គការ ក្រសួង នឹងដៃគូសហការនានា រួចមក ទិវាសម្អាតពិភពលោកនៅកម្ពុជា ត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ហើយលោកបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថានថា​ បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន ។ សម្រាមគឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខ(សម្រាម)

បន្ទាប់មកគណអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចូលរួមសម្អាតបរិស្ថាន ប្រមូលសម្រាម ដោយបែងចែកជាក្រុម តាមគោលដៅដែលបានបែងចែកជា១១ទីតាំង ជុំវិញរាជធានីភ្នំពេញ។ ចំណែកឯ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រមាណជាជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន តាមរយៈពីរគោលដៅ ដោយគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ១ ពីមុខវិទ្យាល័យច្បារអំពៅ ដល់ប៉ូឡារីស អេហ្វ អែន ប៊ី ទល់មុខមន្ទីរពេទ្យជោរៃ និងគោលដៅទី២ នៅបរិវេណក្រសួងបរិស្ថាន។ ក្នុងសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសម្រាម និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លូនរស់នៅ។

សូមបញ្ជាក់ផងដែរថាទិវាសម្អាតពិភពលោក បានប្រារព្ធជាផ្លូវការ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទូទាំងសកលលោកមានចំនួន១៥៦ប្រទេស ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមជាង៣៨០លាននាក់ទូទាំងពិភពលោក ចំណែកប្រជាជនកម្ពុជា ក៏មានការចូលរួម យ៉ាងច្រើនកុះករចូលរួមសម្អាតប្រទេសរបស់យើងនៅទូទាំងប្រទេស។ ទិវានេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសម្រាមនៅលើផែនដីនេះ។ ការបោះចោលសម្រាមមិនបានត្រឹមត្រូវនេះ មិនគ្រាន់តែធ្វើអោយខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញធនធានសម្រាប់ចិញ្ចឹមជីវិតមនុស្សលើភពផែនដីផងដែរ។

02 Mar
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង ឆ្លងសមិទ្ធិផលនានា ក្នុងវត្តជ័យមង្គល ខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង ឆ្លងសមិទ្ធិផលនានា ក្នុងវត្តជ័យមង្គល ខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ម្សិលមិញនេះ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តជ័យមង្គល ហៅវត្តជ្រៃ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចូលរួមកាត់ឫស្សសីមាព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សារភ្ជាប់នឹងគ្នាដោយវិស័យទាំងពីរនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

មុនពេលអញ្ជើញកាត់ប្ញស្សីសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាង វត្តអារាម និង សមិទ្ធិផលនានាជាច្រើននៅក្នុងទឹកដីនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ​​ សម្តេចតេជោ បានមានប្រសាសន៍​ស្តីពីការ​សម្រេចឲ្យសាងសង់​ផ្លូវបេតុងមួយខ្សែ​ប្រវែងជាង​​​១៦គីឡូម៉ែត្រតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរដើម្បីជួយសម្រួល​ការធ្វើដំណើរជូនពួកគាត់។ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លារអាមេរិកហើយលោកឧកញ៉ាថៃជាហួតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ជាអ្នករ៉ាប់រងលើការសាងសង់។

សូមបញ្ជាក់ផងដែរថា វត្តជ័យមង្គល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៤​ និងបានឆ្លងកាត់ដំណាក់កាលគ្រប់គ្រងដឹកនាំកសាង ដោយព្រះចៅអធិការច្រើនជំនាន់ តែវត្តជ័យមង្គលនេះក៏មិនខុសពីបណ្តាវត្តផ្សេងៗ ទូទាំងប្រទេស គឺត្រូវបានឆ្លងកាត់ប្រវត្តិ ដ៏ជូរជត់ ក្នុងសម័យសង្គ្រាមប្រល័យពូជសាសននាឆ្នាំ១៩៧៥-១៩៧៩ ដែលបានបផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយបានប្រើប្រាស់ទីវត្តអារាមនេះ ធ្វើជាមន្ទីរឃុំឃំាង និងទីពិឃាតជនស្លូតត្រង់អស់ប្រមាណជាង៣៩៩៧នាក់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀត លោកឧកញ៉ា ថៃ ជាហួត ដែលជាក់ស្តែងលោកឧកញ៉ា មានទីកំណើតក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះផ្ទាល់តែម្តង បានមកដឹកនាំកសាងព្រះវិហារ​ និង សមិទ្ធផលនានាជាច្រើនដូចជា របង ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវចូលវត្តជ័យមង្គលប្រវែង​១១០០​ម៉ែត្រ ចាក់បេតុងជុំវិញព្រះវិហារប្រវែង​៥០០​ម៉ែត្រ​ ដងទង់ចំនួន២​ដើម សួនផ្កាលំអ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡា​ រហូតឈានដល់ការប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាថ្ងៃនេះ​ ដែលមានទឹកប្រាក់សរុបចំនួន ១លាន ៤សែន ដុល្លារអាមេរិក។

ក្រៅពីវត្តអារាម លោកឧកញ៉ា ក៏បានចំណាយថវិកាដើម្បីអ៊ុតបេទីមលើផ្លូវបេតុងចាស់ ដោយភ្ជាប់ពីឃុំព្រែកតានង់ ស្រុកកោះសូទិន មកឃុំព្រែករំដេង ស្រុកស្រីសន្ធរមានប្រវែង ៥០០០ម៉ែត្រ​ សរុបទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក។​ បន្ថែមពីនេះទៅទៀតលោកឧកញ៉ា បានសាងសង់ជាសាលារៀន ដែលមានដូចជា សាលាបឋមសិក្សាព្រែកឪជ្រឹងក ១ខ្នងចំនួន​៦បន្ទប់ សាលាតាជីយាយជី ចំនួន១ខ្នង៩បន្ទប់ នៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ និង អនុវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក ១ខ្នង២ជាន់១០បន្ទប់ និង​អគារទីចាត់ការ១ខ្នង ហើយបច្ចុប្បន្ននេះបានប្ដូរទៅជាវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក នៅភូមិស្វាយតានាន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

សមិទ្ធិផលទាំងអស់ដែល​ក្រុមហ៊ុន បុរី ប៉េង ហួត​​ គ្រុប បានកសាងពី​ឆ្នាំ២០១១ ដល់ ​ឆ្នាំ២០១៨ សរុបជាទឹកប្រាក់អស់ជិត ៤លាន​ដុល្លារអាមេរិក ហើយសមិទ្ធិផលទាំងនេះបានសរបញ្ជាក់ ពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គមជាតិ និងការលើកកំពស់វិស័យពុទ្ធសាសនាផងដែរ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។​

ដើម្បីធ្វើឲ្យពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានានេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក៏បានរៀបចំឲ្យមានការប្រគុំតន្ត្រីដ៏មហស្ចារ្យ ដែលមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀង និងតារាកំប្លែងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងកម្មវិធីសិល្បៈលោ្ខន សម្តែងជូនទស្សនា ដោយសេរីនាថ្ងៃទី២៦ ទី២៧​ ខែកុម្ភៈ និងថ្ងៃទី០១ ខែមិនា ក៏មានកម្មវិធីសិល្បៈលោ្ខនសម្តែងជូនទស្សនាជាយប់ចុងក្រោយផងដែរ ក្នុងគោលបំណងអោយប្រជាជនក្នុងតំបន់នោះ ទទួលបានភាពសប្បាយរីករាយ។

  • 1
  • 2