562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

Blog

19 Sep
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា

កាលពីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភ ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំ ដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។

ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង អង្គការLet Do It និង អង្គការ Go Green Cambodia តំណាងក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងទេសចរណ៍ អ្នកស័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក ប្រមាណជាជាង ២០០ នាក់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ មានមតិសំណេះសំណាលយ៉ាងដូច្នេះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។  ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ

លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia  ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។ លោកគូសបញ្ជាក់បន្ថែមថា ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យ វែងឆ្ងាយ ចាប់តាំងពី ដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមាន លំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសម្រាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស។ ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថា ពីតំណាងអង្គការ ក្រសួង នឹងដៃគូសហការនានា រួចមក ទិវាសម្អាតពិភពលោកនៅកម្ពុជា ត្រូវបានបើកជាផ្លូវការ ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ហើយលោកបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថានថា​ បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ​។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន​​ តភ្ជាប់ជាមួយនឹងបរិស្ថាន ។ សម្រាមគឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខ(សម្រាម)

បន្ទាប់មកគណអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចូលរួមសម្អាតបរិស្ថាន ប្រមូលសម្រាម ដោយបែងចែកជាក្រុម តាមគោលដៅដែលបានបែងចែកជា១១ទីតាំង ជុំវិញរាជធានីភ្នំពេញ។ ចំណែកឯ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រមាណជាជាង២០០នាក់ បានចូលរួមសម្អាតបរិស្ថាន តាមរយៈពីរគោលដៅ ដោយគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ១ ពីមុខវិទ្យាល័យច្បារអំពៅ ដល់ប៉ូឡារីស អេហ្វ អែន ប៊ី ទល់មុខមន្ទីរពេទ្យជោរៃ និងគោលដៅទី២ នៅបរិវេណក្រសួងបរិស្ថាន។ ក្នុងសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសម្រាម និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លូនរស់នៅ។

សូមបញ្ជាក់ផងដែរថាទិវាសម្អាតពិភពលោក បានប្រារព្ធជាផ្លូវការ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទូទាំងសកលលោកមានចំនួន១៥៦ប្រទេស ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមជាង៣៨០លាននាក់ទូទាំងពិភពលោក ចំណែកប្រជាជនកម្ពុជា ក៏មានការចូលរួម យ៉ាងច្រើនកុះករចូលរួមសម្អាតប្រទេសរបស់យើងនៅទូទាំងប្រទេស។ ទិវានេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសម្រាមនៅលើផែនដីនេះ។ ការបោះចោលសម្រាមមិនបានត្រឹមត្រូវនេះ មិនគ្រាន់តែធ្វើអោយខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញធនធានសម្រាប់ចិញ្ចឹមជីវិតមនុស្សលើភពផែនដីផងដែរ។

07 May
កម្មវិធីពានរង្វាន់អចលនទ្រព្យ អាស៊ីប៉ាស៊ីហ្វិកប្រគល់ពានរង្វាន់រហូតដល់១៣ ដល់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

កម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រគល់ពានរង្វាន់រហូតដល់១៣ ដល់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

ភ្នំពេញ៖ ជាមួយនឹងការវាយតម្លៃប្រកបដោយសុក្រិតភាព តម្លាភាព និងឯករាជ្យពី គណកម្មការជំនាញអន្តរជាតិ នៃកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ជាលទ្ឋផលក្រុមហ៊ុនបុរីប៉េង ហួតគ្រុប បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន១៣ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍ​ន៍ជាង១០០មកពីជុំវិញពិភពលោក។

ការប្រគល់ពានរង្វាន់នេះបានធ្វើឡើង កាលពីថ្ងៃទី៣និងទី៤ ខែឧសភា ឆ្នាំ២០១៨  កន្លងទៅថ្មីៗនេះ ដែលបានរៀបចំឡើងនៅសណ្ឋា​គារ The Marriott Marquis queen’s Park នាទីក្រុងបាងកកប្រទេសថៃ ដោយក្រុមហ៊ុន Property Media។ ពានរង្វាន់នីមួ​យៗត្រូវបានពិនិត្យ និងវាយតំលៃដោយអ្នកជំនាញ និងគណៈកម្មការជំនាញដោយឯករាជ្យ សុក្រិតភាព និងតម្លាភាព។

នេះជាការលើកទឹកចិត្តយ៉ាងស័ក្តិសមមួយ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីនេះ និងជាមោទនភាពយ៉ាងក្រៃលែង មិនត្រឹមតែសម្រាប់បុរីប៉េង ហួតនោះទេ តែសម្រាប់ជាមោ​ទនភាពកម្ពុជាទាំងមូលផងដែរ។

ក្រុមហ៊ុនបុរី ប៉េង ហួត គ្រុបបានក្លាយជាក្រុមហ៊ុនចូលរួមប្រកួតប្រជែង ក្នុងនាមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅប្រទេសកម្ពុជាលើឆាកអន្តរជាតិ ដោយទទួលបាន​ពានរង្វាន់ចំនួន ១៣ រួមមានពានរង្វាន់ថ្នាក់ប្រទេសចំនួន៧ ដោយបែងចែកជាពីរគឺ ពានរង្វាន់អភិវឌ្ឍ និងពានរង្វាន់ស្ថាបត្យកម្ម។ ពានរង្វាន់អភិវឌ្ឍន៍ទទួលបានចំនួន៣ រួមមាន ទី១ ពានរង្វាន់អភិ​វឌ្ឍន៍អាគារសេវាកម្មសាធារណៈ សំរាប់សាលសន្និបាត ”Public Service Development Award for Convention Hall”  ទី២  ពានរង្វាន់អភិវឌ្ឍន៍លំនៅឋាន សំរាប់គំរោងស្តាផ្លាទីនីម យូរ៉ូវីល“Residential Development Award for Star Platinum Euro Ville” ។

ទី៣ ពានរង្វាន់អភិវឌ្ឍលំនៅឋានសំរាប់គំរោងស្តាដាយមិន “Residential Development Award for Star Diamond”  ពានរង្វាន់ស្ថាបត្យកម្ម ទទួលបានចំនួន ៤ រួមមាន ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់ គំរោង ស្តាផ្លាទីនីម យូរ៉ូវីល” Multiple Residence Architecture Award for Star Platinum Euro Ville Project”។​ពានរង្វាន់ស្ថាបត្យកម្មពហុលំនៅឋាន សំរាប់គំរោងស្តារដាយមិន ”Multiple Residence Architecture Award for Star Diamond Project”  ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់ក្លឹបហាត់ប្រាណគំរោងស្តាផ្លាទីនីមយូរ៉ូវីល ”Public Service Architecture Award for Euro Ville Club House”ទី៤ ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈ សំរាប់សាលសន្និបាតគំរោងស្តាផ្លាទីនីមយូរ៉ូវីល “Public Service Architecture Award for Euro Ville Convention Hall”។

ព្រមពេលជាមួយគ្នានេះ ​បុរី ប៉េង ហួត គ្រុប ក៏ទទួលបានពានរង្វាន់លំដាប់ផ្កាយប្រាំ ចំនួន ៣ ទៀតផងដែរ ដូចជា ទី១ ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់សាលសន្និបាតយូរ៉ូវីល “Best Public Service Development for Euro Ville Convention Hall” ទី២ ពានរង្វាន់ស្ថាបត្យកម្មសេវាកម្មសាធារណៈល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់ ក្លឹបហាត់ប្រាណ គំរោង យូរ៉ូវីល “Best Public Service Architecture for Euro Ville Club House” ទី៣ពានរង្វាន់ ស្ថាបត្យកម្មពហុលំនៅឋានល្អបំផុត ក្នុងប្រទេសកម្ពុជា សំរាប់គំរោង ស្តាផ្លាទីនីមយូរ៉ូវីល “Best Architecture Multiple Residence for Star Platinum Euro Ville”។

កាន់តែអស្ចារ្យជាងនេះទៅទៀត បុរី ប៉េង ហួត គ្រុប ទទួលបានជ័យលាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅប្រកួតលំដាប់ពិភពលោកនៅ ទីក្រុងឡុងដ៏ប្រទេសអង់គ្លេសចំនួន៣ ពានរង្វាន់ទៀតរូមមាន ទី១ ពានរង្វាន់អភិវឌ្ឍសេវាកម្មសាធារណៈប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោង សាលសន្និបាត យូរ៉ូវីល ”Public Service Development Asia Pacific for Euro Ville Convention Hall”  ទី២ ពានរង្វាន់ស្ថាបត្យកម្ម សេវាកម្ម សាធារណៈ ប្រចាំតំបនអាស៊ីប៉ាស៊ីហ្វិក សំរាប់ ក្លឹបហាត់ប្រាណ គំរោងយូរ៉ូវីល ”Public Service Architecture Asia Pacific for  Euro Ville Club House”  ទី៣ ពានរង្វាន់ ស្ថាបត្យកម្ម ពហុលំនៅឋាន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សំរាប់គំរោងស្តាផ្លាទីនីមយូរ៉ូវីល​”Architecture Multiple Residence Asia Pacific for Star Platinum Euro Ville”។

តំណាងក្រុមហ៊ុន​​ បុរី ប៉េង ហួតគ្រុប លោកចាន់ រដ្ឋាមានប្រសាសន៍ថា ក្រុមហ៊ុនបុរីប៉េងហួតគ្រុប មានមោទនភាពយ៉ាងក្រៃលែង ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាពិសេសទទួលបាននូវភាពលេចធ្លោជាងគេ ក្នុងចំណោមក្រុមហ៊ុននានាដែលចូលរួមទាំងអស់ ពោលគឺទទួលបានពានរង្វាន់ផ្កាយប្រាំចំនួន៣ និង ពានរង្វាន់ជ័យលាភីពីតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតយកពានលំដាប់ពិភពលោក នៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេសរហូត៣ពាន។

លោកបន្តថា “នេះគឺជាការបើកទំព័រថ្មី របស់ក្រុមហ៊ុនក្នុងការឈានជើងចូលរួមការប្រកួត ប្រជែង លំដាប់ពិភពលោក។  ជ័យលាភីនេះមិនអាចកើតឡើងបានដោយគ្មានការគាំទ្រពីសំណាក់អតិថិជន ការខិតខំប្រឹង ប្រែងរបស់បុគ្គលិក គ្រប់ជាន់ថ្នាក់ និង ការគាំទ្ររបស់រាជរដ្ឋាភិបាលផងដែរ”។

កាលដែល បុរី ប៉េង ហួត គ្រុប ទទួលបាននូវពានរង្វាន់ទាំងអស់នេះ គឺជាការស្តែងអោយឃើញថា ប្រទេសកម្ពុជាក៏អាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានដែរ ហើយក៏ជាការផ្តល់ទំនុកចិត្តបន្ថែម សំរាប់អតិថិជនទៅលើជំរើសលំនៅដ្ឋានល្អបំផុត ដែលមានការទទួលស្គាល់ពីគុណភាព និងសោភ័ណភាព ទាំងក្នុងប្រទេសនិង នៅលើឆាកអន្តរជាតិ។

ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប សូមថ្លែងអំណរគុណជាពិសេស ដល់អតិថិជនរបស់បុរី ប៉េង ហួត គ្រុបដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន៕

ប្រភពពី៖ Property Area

02 Mar
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង ឆ្លងសមិទ្ធិផលនានា ក្នុងវត្តជ័យមង្គល ខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង ឆ្លងសមិទ្ធិផលនានា ក្នុងវត្តជ័យមង្គល ខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ម្សិលមិញនេះ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ជុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តជ័យមង្គល ហៅវត្តជ្រៃ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចូលរួមកាត់ឫស្សសីមាព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែផ្សារភ្ជាប់នឹងគ្នាដោយវិស័យទាំងពីរនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

មុនពេលអញ្ជើញកាត់ប្ញស្សីសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់សប្បុរសជនមួយចំនួនដែលបានចូលរួមចំណែកក្នុងការកសាង វត្តអារាម និង សមិទ្ធិផលនានាជាច្រើននៅក្នុងទឹកដីនេះ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។

ឆ្លៀតក្នុងឱកាសនោះផងដែរ​​ សម្តេចតេជោ បានមានប្រសាសន៍​ស្តីពីការ​សម្រេចឲ្យសាងសង់​ផ្លូវបេតុងមួយខ្សែ​ប្រវែងជាង​​​១៦គីឡូម៉ែត្រតាមសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរដើម្បីជួយសម្រួល​ការធ្វើដំណើរជូនពួកគាត់។ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ៦លានដុល្លារអាមេរិកហើយលោកឧកញ៉ាថៃជាហួតប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ជាអ្នករ៉ាប់រងលើការសាងសង់។

សូមបញ្ជាក់ផងដែរថា វត្តជ័យមង្គល ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៩៤​ និងបានឆ្លងកាត់ដំណាក់កាលគ្រប់គ្រងដឹកនាំកសាង ដោយព្រះចៅអធិការច្រើនជំនាន់ តែវត្តជ័យមង្គលនេះក៏មិនខុសពីបណ្តាវត្តផ្សេងៗ ទូទាំងប្រទេស គឺត្រូវបានឆ្លងកាត់ប្រវត្តិ ដ៏ជូរជត់ ក្នុងសម័យសង្គ្រាមប្រល័យពូជសាសននាឆ្នាំ១៩៧៥-១៩៧៩ ដែលបានបផ្លិចបំផ្លាញស្ទើរគ្មានសល់ ហើយបានប្រើប្រាស់ទីវត្តអារាមនេះ ធ្វើជាមន្ទីរឃុំឃំាង និងទីពិឃាតជនស្លូតត្រង់អស់ប្រមាណជាង៣៩៩៧នាក់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀត លោកឧកញ៉ា ថៃ ជាហួត ដែលជាក់ស្តែងលោកឧកញ៉ា មានទីកំណើតក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះផ្ទាល់តែម្តង បានមកដឹកនាំកសាងព្រះវិហារ​ និង សមិទ្ធផលនានាជាច្រើនដូចជា របង ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវចូលវត្តជ័យមង្គលប្រវែង​១១០០​ម៉ែត្រ ចាក់បេតុងជុំវិញព្រះវិហារប្រវែង​៥០០​ម៉ែត្រ​ ដងទង់ចំនួន២​ដើម សួនផ្កាលំអ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡា​ រហូតឈានដល់ការប្រារព្ធពិធីបញ្ចុះខណ្ឌសីមានាថ្ងៃនេះ​ ដែលមានទឹកប្រាក់សរុបចំនួន ១លាន ៤សែន ដុល្លារអាមេរិក។

ក្រៅពីវត្តអារាម លោកឧកញ៉ា ក៏បានចំណាយថវិកាដើម្បីអ៊ុតបេទីមលើផ្លូវបេតុងចាស់ ដោយភ្ជាប់ពីឃុំព្រែកតានង់ ស្រុកកោះសូទិន មកឃុំព្រែករំដេង ស្រុកស្រីសន្ធរមានប្រវែង ៥០០០ម៉ែត្រ​ សរុបទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ អាមេរិក។​ បន្ថែមពីនេះទៅទៀតលោកឧកញ៉ា បានសាងសង់ជាសាលារៀន ដែលមានដូចជា សាលាបឋមសិក្សាព្រែកឪជ្រឹងក ១ខ្នងចំនួន​៦បន្ទប់ សាលាតាជីយាយជី ចំនួន១ខ្នង៩បន្ទប់ នៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ និង អនុវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក ១ខ្នង២ជាន់១០បន្ទប់ និង​អគារទីចាត់ការ១ខ្នង ហើយបច្ចុប្បន្ននេះបានប្ដូរទៅជាវិទ្យាល័យ​ ហ៊ុន​ សែន ប៉េង ហួត ស្វាយតានាន់ក នៅភូមិស្វាយតានាន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

សមិទ្ធិផលទាំងអស់ដែល​ក្រុមហ៊ុន បុរី ប៉េង ហួត​​ គ្រុប បានកសាងពី​ឆ្នាំ២០១១ ដល់ ​ឆ្នាំ២០១៨ សរុបជាទឹកប្រាក់អស់ជិត ៤លាន​ដុល្លារអាមេរិក ហើយសមិទ្ធិផលទាំងនេះបានសរបញ្ជាក់ ពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសង្គមជាតិ និងការលើកកំពស់វិស័យពុទ្ធសាសនាផងដែរ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។​

ដើម្បីធ្វើឲ្យពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានានេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ក៏បានរៀបចំឲ្យមានការប្រគុំតន្ត្រីដ៏មហស្ចារ្យ ដែលមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀង និងតារាកំប្លែងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងកម្មវិធីសិល្បៈលោ្ខន សម្តែងជូនទស្សនា ដោយសេរីនាថ្ងៃទី២៦ ទី២៧​ ខែកុម្ភៈ និងថ្ងៃទី០១ ខែមិនា ក៏មានកម្មវិធីសិល្បៈលោ្ខនសម្តែងជូនទស្សនាជាយប់ចុងក្រោយផងដែរ ក្នុងគោលបំណងអោយប្រជាជនក្នុងតំបន់នោះ ទទួលបានភាពសប្បាយរីករាយ។

02 Jan
អគ្គនាយកបុរីប៉េងហួត ៖ បង្ហាញពីទស្សនវិស័យនៃការវិនិយោគបុរី

អគ្គនាយកបុរីប៉េងហួត ៖ បង្ហាញពីទស្សនវិស័យនៃការវិនិយោគបុរី

ជាមួយ​នឹង​ភាព​ជោគ​ជ័យ និង​អាច​និយាយ ​ថា ជា​បុរី​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បុរី​ប៉េង ហួត ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ។ តើ​បុរី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ដូច​ម្តេច?

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលន​ទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ជួប​សម្ភាស​ពិសេស​ជាមួយ​លោក ​ឧកញ៉ា ថៃ ម៉េងលី អគ្គនា​យក​បុរី​ ប៉េង ​ហួត ដើម្បី​ស្តាប់​ពី​ទស្សន វិស័យ និង​យុទ្ធ​សាស្ត្រ​របស់​លោក​ក្នុង​ការ​វិនិយោគ​បុរី​នេះ​។

តើ​លោក​ឧកញ៉ា​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​នេះ​យ៉ាង​ដូច​ម្តេច​?

ខ្ញុំ​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​ ប៉េង ហួត នៅ​ឆ្នាំ ​២០០៥ ព្រោះ​អំឡុង​ពេល​នោះ​នៅ​កម្ពុជា​មិន​ទាន់​មាន​លំនៅឋាន​របៀប​ជា​បុរី​ស្អាតៗ​នៅឡើយ​ទេ គឺ​មាន​តែ​ផ្ទះ​ល្វែង និង​ការ​សាងសង់ វីឡា​ជា​លក្ខណៈ​ឯកជន​។ នៅ​ពេល​យើង​ចេញ​ចូល​ក្រៅ​ប្រទេស​ច្រើន​ក៏​បាន​សិក្សា​ពី​ការ​សាងសង់​បុរី​នៅ​ប្រទេស​ គេ ហើយ​យើង​ក៏បាន​ចាប់​ផ្តើម​សាង​សង់​បុរី ប៉េង ហួត​ ជា​លើក​ទី ១ នៅ​តាម​បណ្តោយ​ផ្លូវ​ ៥៩៨​។

បន្ទាប់​ពី​សាងសង់​ទីតាំង​បុរី​ទី ១ នៅ​ផ្លូវ​លេខ ​៥៩៨ យើង​បាន​ចាប់​ផ្តើម​វិនិយោគ​បុរី​ជា​បន្ត​មក​កាន់​ផ្លូវជាតិ​លេខ​១​ដែល​មាន​ទំហំ​ដី​កើន​ឡើង​រហូត​ដល់​ជាង​ ២០​ គីឡូម៉ែត្រ​ការ៉េ​ទៅ​ហើយ​និង​បន្ត​វិនិយោគ​នៅ​គម្រោង​ជាច្រើន​ទៀត។

ការ​ឌីហ្សាញ​របស់​បុរី​នេះ​បាន​គិត​គូរ​ពី​សួន​បៃតង ដើម​ឈើ​ធំៗ ដោយ​រក្សា​ផ្ទៃ​ដី​​ប្រមាណ​៤៥​ភាគរយ នៃ​បុរី​នីមួយៗ ត្រូវ​បាន​រៀបចំ​ដាំ​ដើម​ឈើ និង​សួន​ច្បារ។

តើ​រហូត​មក​ទល់​ពេល​នេះ​ផ្ទះ​ដែល​បាន​សង់​ចប់ និង​លក់​ចេញ​បាន​ប៉ុន្មាន​ខ្នង​ហើយ​តាំងពី​ចាប់​ផ្តើម​មក​?

គិត​រហូត​មក​ទល់​ពេល​នេះ មាន​ផ្ទះ​ជិត​ ១០,០០០ ​ខ្នង ត្រូវ​បាន​លក់​ចេញ ហើយ​​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ ជាទី​តាំង​ធំ​ជាង​គេ​ដែល​មាន​ផ្ទះ​ប្រមាណ​ ៧ ០០០ ទៅ​ ៨ ០០០​ខ្នង ត្រូវ​បាន​លក់​ចេញ​។ ទីតាំង​នេះ​អាច​ជា​ទីក្រុង​រណប​មួយ​បាន​ហើយ​។

អ្វី​ដែល​ប្រជាជន​ក្នុង​ស្រុក និង​ភ្ញៀវ​អន្តរជាតិ​ចាប់​អារម្មណ៍ គឺ​ម៉ូដ​ផ្ទះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​បុរី​នេះ តើ​លោក​ឧកញ៉ា​យក​ទស្សនៈ​នៃ​ការ​រៀបចំ​បែប​ផែន​នគរូបនីយកម្ម​មក​ពី​ណា​?

ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេស​ជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែល​ស្អាតៗ​​ជូន​អតិថិជន​ទាំងអស់​។ យើង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេស​ផ្សេងៗ​ផង​ដែរ​។

អ្វី​ដែល​យើង​ផ្តោត គឺ​អតិថិជន​ចាប់ពី​អ្នក​មាន​ជីវភាព​មធ្យម រហូត​ដល់​អ្នក​មាន​ជីវភាព​លំដាប់​ខ្ពស់​។

អ្វី​ជា​កត្តា​ស្នូល​ដែល​បាន​កំណត់​ធ្វើ​ឲ្យ​បុរី​ ប៉េង ហួត​ ទទួល​ជោគ​ជ័យ​រហូត​មក​ទល់​ពេល​នេះ ក្រៅ​ពី​ម៉ូដ​ផ្ទះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ទាក់ទាញ​?

អ្វី​ដែល​ជោគជ័យ​រហូត​មក​ទល់​ពេល​នេះ ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត តែង​តែ​ធ្វើ​អ្វី​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​។ មាន​ន័យ​ថា អ្វី​យើង​និយាយ​គឺ​ធ្វើ ហើយ​យើង​បាន​ធ្វើ និង​ធ្វើ​បាន​ស្អាត​ជាង​អ្វី​ដែល​យើង​បាន​សន្យា​។

ជាក់​ស្តែង​យើង​បាន​និង​កំពុង​វិនិយោគ សាងសង់​ផ្សារ​ទំនើប​មួយ​នៅ​បុរី​ ប៉េង ហួត នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ព្រោះ​យើង​ចង់​​ឲ្យ​ទីក្រុង​រណប​នេះ មាន​ទាំង​លំនៅដ្ឋាន មាន​ទាំង​កន្លែង​កម្សាន្ត ផ្សារ​ទំនើប និង​សាលារៀន​អន្តរជាតិ​ជាដើម​។

ងាក​មក​មើល​ស្ថានភាព​ទីផ្សារ​បុរី តើ​លោក​ឧកញ៉ា​មើល​ឃើញ​​យ៉ាង​ដូច​ម្តេច?

ខ្ញុំ​គិតថា សម្រាប់​បុរី​ ប៉េង ហួត មិន​មាន​បញ្ហា​អ្វី​នោះទេ វា​នឹង​បន្ត​រីក​ចម្រើន​ទៅ​ទៀត ព្រោះ​ប្រទេស​យើង​កំពុង​រីក​ចម្រើន ហេតុ​នេះ​យើង​នឹង​បន្ត​វិនិយោគ​បន្ថែម​ទៀត​។ គិត​រហូត​មក​ទល់​ពេល​នេះ​យើង​បាន​ចំណាយ​ទុន​ច្រើន​មក​ហើយ។

យើង​មាន​ទិសដៅ និង​ពង្រីក​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​។

ក្រៅ​ពី​ការ​វិនិយោគ​ដោយ​ជោគ​ជ័យ តើ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត បាន​រួម​ចំណែក​ជួយ​ដល់​ការងារ​សង្គម​យ៉ាង​ដូច​ម្តេច​?

ក្រុមហ៊ុន​បុរី​ប៉េង​ហួត របស់​យើង​ក្រៅពី​ការ​រក​ស៊ី​ទទួល​បាន​ប្រាក់​ចំណេញ​ហើយ យើង​ក៏​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន ​១០ ​ម៉ឺន​ដុល្លារ កាលពី​សប្តាហ៍​មុន និង​បាន​រួម​ចំណែក​កសាង​ហេដ្ឋា​​រចនា​សម្ព័ន្ធ​នានា​ ដូចជា​ សាលា​រៀន កសាង​វត្ត​អារាម និង​ផ្លូវ​មួយ​ចំនួន​ទៀត ដើម្បី​រួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

មាន​ការ​លើក​ឡើង​ថា ឈ្មោះ​ ប៉េង ហួត ជា​ឈ្មោះ​បូក​បញ្ចូល​គ្នា​របស់​អ្នក​វិនិយោគ​បុរី​នេះ តើ​ពិត​ទេ​លោក​ឧកញ៉ា?

បាទ​ពិត​ហើយ ពាក្យ ប៉េង ហួត គឺ​ចេញ​ពី​ឈ្មោះ​របស់​បង​ប្រុស​ខ្ញុំ​ចំនួន​២រូប ដែល​ជា​ស្ថាបនិក​បុរី​នេះ បង​ខ្ញុំ​ម្នាក់​ឈ្មោះ ប៉េង និង​ម្នាក់​ទៀត​ឈ្មោះ ហួត​។

ងាក​មក​ស្ថានភាព​នយោបាយ​កើន​កម្ដៅ​កាលពី​ពេល​ថ្មីៗ​នេះ តើ​អាច​មាន​ផល​ប៉ះពាល់​ដល់​ការ​លក់​លំនៅឋាន​របស់​បុរី​ឬ​ទេ?

ស្ថានភាព​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​នេះ រង​ផលប៉ះ​ពាល់​តិច​តួច ប៉ុន្តែ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​សម្រាប់​រយៈ​ពេល​វែង​មិន​មាន​បញ្ហា​នោះ​ទេ ដោយ​សារ​យើង​បាន​ឆ្លងកាត់​បទពិសោធ​ជាច្រើន ប៉ុន្តែ​ក្រោយ​ពេល​បោះ​ឆ្នោត​អ្វីៗ​នឹង​មាន​ភាព​ប្រសើរ​ឡើង ហើយ​យើង​នៅ​តែ​ដំណើរការ​បាន​ល្អ​ជាង​គេ​។

បន្ថែម​លើស​អ្វី​ដែល​ជា​ផ្ទះ​នៅ​ក្នុង​បុរី បច្ចុប្បន្ន​ក្រុមហ៊ុន​បុរី​ ប៉េង ហួត បាន​ចាប់​ផ្តើម​វិនិយោគ​លើ​ខុនដូ​សម្រាប់​លក់ តើ​មាន​មូល​ហេតុ​អ្វី​ដែរ​លោក​ឧកញ៉ា?​ដោយ សារ​ទីផ្សារ​ខុនដូ​ល្អ​ប្រសើរ​ជាង​ឬ​យ៉ាង​ណា​?

ដោយ​សារ​ក្រុមហ៊ុន​បុរី​ ប៉េង ហួត ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ទើប​យើង​វិនិយោគ​លើ​វិស័យ​លំនៅឋាន ខុនដូ ផ្សារ​ទំនើប និង​អ្វី​ពាក់​ព័ន្ធ​នឹង​​វិស័យ​នេះ​ទាំង​អស់ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ និង​តម្រូវ​ការ​របស់​អតិថិជន​ជាតិ និង​អន្តរជាតិ​៕

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

  • 1
  • 2