562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

បងប្អូនកម្មករសំណង់បុរីប៉េងហួតថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនក្នុងគ្រាលំបាក

25 Apr

By: penhuoth_admin

ព័ត៌មានទូទៅ

បងប្អូនកម្មករសំណង់បុរីប៉េងហួតថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនក្នុងគ្រាលំបាក។

ក្នុងគ្រាដ៏លំបាកដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងអំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញមួយរយៈនេះ ធ្វើឲ្យកម្មករសំណង់ជាច្រើនម៉ឺននាក់ជួបប្រទះបញ្ហាផ្អាកការងារជាបណ្តោះអាសន្ន ដែលការងារនេះជាមុខរបរចិញ្ចឹមក្រពះតែមួយគត់របស់គាត់។ ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗដែលផ្តល់ការងារដល់កម្មកររាប់ម៉ឺននាក់មានដូចជាបុរី ប៉េងហួត និងក្រុមហ៊ុនបុរីផ្សេងៗជាច្រើនទៀត។ល។

ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករជាង ​ ៧០០០នាក់ ក្នុងអំឡុងពេលបិទខ្ទប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់កម្មករគ្រប់ការដ្ឋានក្នុងតំបន់នានាក្នុងភូមិសាស្រ្ដទីក្រុងភ្នំពេញដូចជា៖

១) គម្រោង ហ្គ្រេនស្តា ផ្លាទីនីម ​(បុរីប៉េងហួតបឹងស្នោ)​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១
២) គម្រោង ដឹស្ដា មេរាហ្កាដិន ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី២

៣) គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

៤) គម្រោង ដឹស្ដា មុនីរ៉ាហ៍ ស្ថិតនៅផ្លូវជាតិលេខ ៦អា

ឆ្លើយតបនឹងទឹកចិត្តដ៏ថ្លៃថ្លានេះ បងប្អូនកម្មករសំណង់គ្រប់ការដ្ឋានសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះជីវភាពរបស់ពួកគាត់ក្នុងគ្រាលំបាកនេះ។   “សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុនដែលបានចែកអំណោយមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឲ្យយើងខ្ញុំ។ មួយរយៈនេះពិបាកមែនហ្នឹងឯង…សង្ឃឹមថាអាកូវីដនេះនឹងចប់ឆាប់ៗ អាលនឹងបានធ្វើការវិញ។ ជូនពរឲ្យក្រុមហ៊ុនរីកចម្រើន កម្មករសម្បូរការងារធ្វើ”។  នេះជាការលើកឡើងរបស់បងស្រីកម្មករម្នាក់មកពីខេត្តព្រៃវែងដែលបានធ្វើជាកម្មករសំណង់ជាងពីរឆ្នាំមកហើយក្នុងការដ្ឋានមួយរបស់ បុរី ប៉េង ហួត។

ចំពោះសកម្មភាពចែករំលែកនេះ លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក ​គឺគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ និងជួយសម្រួលដល់ក្រុមការងាររបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនកម្មករទាំងអស់គ្នាក្នុងអំឡុងពេលបិទខ្ទប់នេះ”។ ចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ ហើយសង្ឃឹមថាយើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន។

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៧ថ្ងៃទៀតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  ដើម្បីប្រយុទ្ធឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕