កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះអប់រំ ផ្សព្វផ្សាយព័ត៌មានអំពីគម្រោង “ផ្ដើមពីយើង” ក្រោមវត្តមានរបស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្តាផ្លាទីនីម (បឹងស្នោរ) ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះផ្ដោតសំខាន់ទៅលើការចូលរួមលើកកម្ពស់បរិស្ថាន ជាពិសេសការបែងចែកនិងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ (សំណល់ផ្ទះបាយ សំណល់ប្លាស្ទិក សំណល់គ្រោះថ្នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០ តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០,២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០%។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំឬរុក្ខជាតិផ្សេងទៀតបាន។
ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ប៉េង ហួត មានក្ដីរំភើប និងពេញចិត្តក្នុងការចូលរួមបែងចែកសំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារ ហើយយើងខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាទាំងអស់ចូលរួមថែរក្សាបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចាប់ផ្ដើមរៀបចំទុកដាក់បែងចែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់បរិស្ថានឱ្យកាន់តែល្អ ស្អាតបន្ថែមទៀត។